នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក គឹម សាមិត្ត អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង បានចូលរួមកិច្ចប្រជុំពិនិត្យពិភាក្សាអំពីនីតិវិធីបច្ចេកទេសក្នុងការរៀបចំគម្រោងចំណូលមិនមែនសារពើពន្ធ និងរបាយការណ៍អនុវត្តចំណូលមិនមែនសារពើពន្ធរបស់អង្គភាពអនុវត្តចំណូលមិនមែនសារពើពន្ធទាំងទិដ្ឋភាពហិរញ្ញវត្ថុ និងទិដ្ឋភាពសមិទ្ធកម្មប្រចាំឆ្នាំ២០២៤ ។ កិច្ចប្រជុំនេះមានគោលបំណងជួបពិភាក្សាប្រមូលធាតុចូលបន្ថែមពីគ្រប់តួអង្គពាក់ព័ន្ធ ដើម្បី ក.គ.ម មានមូលដ្ឋានគ្រប់គ្រាន់ក្នុងការបូកសរុបគម្រោងចំណូលមិនមែនសារពើពន្ធប្រចាំឆ្នាំ និងរបាយការណ៍ស្ដីពីការអនុវត្តចំណូលមិនមែនសារពើពន្ធ ប្រចាំខែត្រីមាស ឆមាស ៩ខែ និងប្រចាំឆ្នាំ របស់អង្គភាពអនុវត្តចំណូលមិនមែនសារពើពន្ធនៅថ្នាក់កណ្ដាល និងថ្នាក់មូលដ្ឋាននៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គោរពរាយការណ៍ជូនឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជ្រាប និងពិនិត្យសម្រេច។